ក្រុមហ៊ុន​ហ្គោលវែល​ចូលរួម​ជា​វាគ្មិនកិត្តិយស​ក្នុងវេទិកា​ពិភាក្សា “និន្នាការ​អភិវឌ្ឍន៍​នៃ​វិស័យ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា”

បន្ទាប់ពីទទួល​បានលទ្ធផល​យ៉ាងលេចធ្លោ​ក្នុងពិព័រណ៍នៅ Cyprus និង​ហុងកុង ក្នុង​ខែឧសភា ឆ្នាំ ២០១៨ កន្លង​មក ក្រុមហ៊ុន​ហ្គោលវែល​មានកិត្តិយស​យ៉ាងខ្លាំង​ដែលត្រូវបាន​អញ្ជើញ​ឲ្យធ្វើ​ជា​វាគ្មិនកិត្តិយស​ក្នុងវេទិកា​ពិភាក្សា ក្រោម​ប្រធានបទ “និន្នាការ​អភិវឌ្ឍន៍នៃ​វិស័យឧបករណ៍​និស្សន្ទ​នៅកម្ពុជា” ក្នុងខែនេះ។ វេទិកានេះ​ត្រូវបានរៀបចំ​ឡើងនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨ ឯសណ្ឋាគារ​សូហ្វីតែល ភូគីត្រា ភ្នំពេញ ដោយ​គណៈកម្មការមូលបត្រកម្ពុជា ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ការអប់រំ និងផ្តល់ព័ត៌មាន​ពាក់ព័ន្ធ​ក្នុងវិស័យនេះ​សម្រាប់​វិនិយោគិនកម្ពុជា។

ក្នុងវេទិកានេះ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា និងលោក Stephanus Paulus Lumintang នាយក​ប្រតិបត្តិ​នៃ​ផ្សារហ៊ុន Jakarta Futures Exchange បានឡើង​ធ្វើបទបង្ហាញ​សំខាន់ៗក្នុងកម្មវិធី។ ជាមួយគ្នានេះដែរ លោក Neph Vargas នាយក​ផ្នែកទីផ្សារ​របស់​ក្រុមហ៊ុនហ្គោលវែល​បានឡើងចែករំលែក​ពីគុណតម្លៃនៃ​ទីផ្សារ​ឌីជីថល​នៅក្នុង​វិស័យហិរញ្ញវត្ថុ ហើយលោក ជា ពន្លក នាយកប្រតិបត្តិ​នៃក្រុមហ៊ុន​ក៏បានចូលរួម​បទពិភាក្សា​ឱកាស​វិនិយោគ​ក្នុងស្រុក ជាមួយនឹង​វិនិយោគិន​បរទេស​ជាច្រើន​រូបផងដែរ ដោយបាន​ផ្តល់ជូនភ្ញៀវ​កិត្តិយស​ទាំងអស់​នូវព័ត៌មាន​ទីផ្សារ​យ៉ាងសំខាន់។

នៅចុងបញ្ចប់​នៃកម្មវិធី គណៈកម្មការ​មូលបត្រ​កម្ពុជា​បានប្រគល់ពានរង្វាន់​អនុស្សាវរីយ៍​ជូនដល់​វាគ្មិនកិត្តិយស ដើម្បីជា​ការអរគុណ​សម្រាប់​ការចូលរួមចំណែក​របស់​វាគ្មិន និង​ជាការបញ្ចប់​កម្មវិធី​ប្រកបដោយ​ភាពជោគជ័យ​សម្រាប់​វេទិកា​ទាំងមូល។ ឆ្លៀតក្នុង​ឱកាស​ដ៏មាន​តម្លៃនេះ អ្នកជំនាញ​និងស្ថាប័ន​មក​ពី​វិស័យ​នានា បានបង្កើតសម្ព័ន្ធភាព​យ៉ាងល្អ​ជាមួយ​នឹង​ភ្ញៀវ​កិត្តិយស និង​វាគ្មិន​នៅថ្ងៃនោះ​ផងដែរ ។

ក្រុមហ៊ុនហ្គោលវែល​ប្តេជ្ញា​បង្កើនការយល់ដឹងអំពី​ទីផ្សារ​ឧបករណ៍​និស្សន្ទ ក៏ដូចជា​និន្នាការ​អភិវឌ្ឍន៍របស់​វិស័យ​ឧបករណ៍និស្សន្ទ​សម្រាប់​ទាំង​ប្រជាពលរដ្ឋ​កម្ពុជា និង​វិនិយោគិន​អន្តរជាតិ។ នា​ថ្ងៃអនាគត ក្រុមហ៊ុនហ្គោលវែល​នឹងរៀបចំ​ពិព័រណ៍អន្ដរជាតិ​បន្ថែមទៀត ដើម្បី​បង្ហាញពី​ឱកាសវិនិយោគ​ដ៏អស្ចារ្យ​របស់​ប្រទេសកម្ពុជា។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up